ពេលនេះស្ថានភាពជំងឺរបស់លោកកាន់តែប្រែប្រួលខ្លាំង សម្រាន្តមិនលក់ គេងនិងអង្គុយមិនបានយូរ ពិសេសពិសារអាហារមិនសូវបានទៀត ធ្វើឲ្យលោកស្រកសាច់ខ្លាំងមែនទែន មើលមិនចង់ស្គាល់។ នៅមុននេះបន្តិច បុរសម្នាក់ឈ្មោះសាន្ដ សុវណ្ណឌឿន ដែលជាសិល្បះករផ្នែកចាប៉ីដងវែងបានទៅសួរសុខទុក្ខនិងបាន Live វីដេអូ បង្ហាញពីស្ថានភាពជំងឺតារាកំប្លែងនាយក្ដឹប កំពុងសម្រាកលើកន្ទេលនៅផ្ទះដោយឃើញថា ស្រកសាច់ ក្រោយធ្លាក់ខ្លួនឈឺប្រមាណ១ខែប៉ុណ្ណោះ។ លោកមានជំងឺច្រើនមុខដូចជា ទឹកក្នុងសួត ជំងឺបេះដូង ដាច់សរសៃឈាម ស្លាប់មួយចំហៀងខ្លួនជាដើម។
តារាកំប្លែងលោក ឃុន ក្ដឹប ហៅនាយក្ដឹបមានវ័យ ៥៨ឆ្នាំ បានប្រលូកលើវិថីសិល្បៈជិត ៣០ឆ្នាំមកហើយ។ នាយមានកូន ៥នាក់ ស្រី៣ និងចៅ ៦នាក់។ សេដ្ឋកិច្ចក្រុមគ្រួសារទាំងមូល គឺពឹងលើតារាកំប្លែងរូបនេះទាំងស្រុង ខណៈភរិយាលោកជាអ្នកលក់ពោត តែបានផ្អាកលក់ដូរ មកទ្រាំជំងឺប្ដីវិញ។ ប្រសិនបើប្រិយមិត្ត ឬសិល្បករមានចង់សួរសុខទុក្ខអាចទំនាក់ទំនងតាមលេខទូរសព្ទលោកផ្ទាល់ ០១៧ ៣១០ ៥៦៦។
គួររំលឹកផងដែរថា តារាកំប្លែងជើងចាស់ដែលធ្លាប់នាំសំណើចជូនទស្សនិកជន សើចសប្បាយក្អាកក្អាយ គឺនាយ ក្តឹប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែតដោយសារជំងឺលើសឈាម កាលពីថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។


0 Comments
Post a Comment