មន្ត្រី​នគរបាល​ជាន់ខ្ពស់​កម្ពុជា ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃបាននិយាយថា នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៨ នេះ កម្ពុជា​បាន​ដាក់​សំណើសុំ​បត្យាប័ន ទៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​បញ្ជូន​ជន​ជាប់ចោទ​ជនជាតិ​ខ្មែរ​ម្នាក់ មក​ផ្តន្ទាទោស​នៅ​ក្នុង​យុត្តាធិការ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៤២៧ ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។
ជនជាប់ចោទ ហួត សុវណ្ណ គឺជា​មេខ្លោង​ម្នាក់ នៅ​ក្នុង​ប្រព័ន្ធ​ឆបោក​ដ៏​ធំ​ដែល​មាន​សមាសភាព​មក​ពី «​ក្រុមហ៊ុន EBC» «​អង្គការ AIF» និង «​សមាគម​ន៍ ICA» ។ ក្រុមហ៊ុន និង​អង្គការ​ទាំងនេះ តែងតែ​ដើរ​ឆបោក​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ជា​អាទិ៍​បាន​ឆបោក​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៧​ពាន់​នាក់ អស់​ទឹកប្រាក់​ជាង​៦០​លាន​ដុល្លារ មក​ពី​ខេត្ត​ជា​ច្រើន នៅ​កម្ពុជា​តាម រយៈ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ដាក់ ប្រាក់​វិនិយោគ​រួម ដោយ​ជនល្មើស​សន្យា​ថា នឹង​ផ្តល់​មក​វិញ​នូវ​អត្រា​ចំណេញ​ខ្ពស់ ។
ឧត្តមសេនីយ៍ឯក បន្ថែម​ថា «​សមត្ថកិច្ច​ជំនាញ​កំពុង បន្ត​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​វែកមុខ និង​នាំ​យក​មេខ្លោង​ធំ​ៗ និង​ដៃជើង​របស់ ក្រុម​នេះ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ឲ្យ​ខាង​តែ​បាន ទោះជា​ត្រូវ​ចំណាយ​ពេលវេលា​ប៉ុណ្ណា​ក៏​ដោយ​» ។
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា​បញ្ជាក់​ថា កម្ពុជា​កំពុង​ជំរុញ​ដំណើរការ​កិច្ច​នីតិវិធី បត្យាប័ន​ជាមួយ​ឡាវ ក្នុង​ស្មារតី​អ្នក​ជិតខាង​ល្អ​។ ព្រោះ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ និង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​បត្យាប័ន ក្នុង​ឆ្នាំ​១៩៩៩ ដែល​សន្ធិសញ្ញា​នេះ​ចូល​ជា​ធរមាន​ឆ្នាំ​២០០៥ ។ ទន្ទឹម​គ្នា​នេះ ដែរ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អាស៊ាន​ទាំង​១០ ក៏​មាន​សន្ធិសញ្ញា​ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​ទៅ​វិញ​ទៅ​មក​ក្នុង​រឿង ព្រហ្មទណ្ឌ​ផង​ដែរ ។
សូម​ជម្រាប​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​អង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និង​បុគ្គល​ពាក់ព័ន្ធ ក្នុង​ករណី​ប្រតិបត្តិការ​គ្មាន​ការ​អនុញ្ញាត​ក្នុង​វិស័យ​មូល​ប​ត្រ ឆបោក​ប្រជាពលរដ្ឋ​សរុប​ជា​ទឹកប្រាក់​ជាង៦០​លាន​ដុល្លារនោះ ​ជា​រឿង​ឆបោក​ទ្រង់ទ្រាយ​ធំ និង​ជា​ប្រព័ន្ធ​មួយ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត​៨​ពាន់​នាក់ ក្នុង​១១​រាជធានី​-​ខេត្ត បាន​ចាញ់បោក​ក្រុម​អង្គការ​ចំនួន​២ និង​ក្រុមហ៊ុន​១ ក្រោម​រូបភាព​ថា យក​លុយ​ទៅ​ដាក់​នឹង​បាន​ថ្លៃ​ការ​ប្រាក់​ខ្ពស់ ប្រចាំខែ ប៉ុន្តែ​តាម​ការ​ពិត នៅ​ពេល​យក​លុយ​ដាក់​ហើយ គឺ​បាន​ថ្លៃ​ការ​ស៊ី​ពី​២​ទៅ​៣​ខែ​ប៉ុណ្ណោះ លុះ​ខែ​បន្ទាប់​មិន​ទទួល​បានការ ព្រមទាំង​អស់​លុយ​ដើម ទៀត​ផង​ ។
ប្រជាពលរដ្ឋ​ចំនួន៧,៤៣០​នាក់ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ត្រូវ​បាន​គេ​ឆបោក​អស់​ទឹកប្រាក់​សរុប​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​ប៉ាន់ស្មាន​ តែ​តាម​រយៈ​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង ដែល​ម្នាក់​ៗ បាន​ខាតបង់​ទឹកប្រាក់​ជា​មធ្យម​៨,០០០​ដុល្លារ តាម​រយៈ​ការ​បញ្ចុះបញ្ចូល​ឲ្យ​ដាក់​ប្រាក់​វិនិយោគ​រួម ដោយក្រុម​​ជនល្មើស​ បាន​សន្យា​ថា នឹង​ផ្តល់​មក​វិញ​នូវ​អត្រា​ចំណេញ​ខ្ពស់ (​ប្រមាណ​ជា​១០​ភាគរយ​) នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ នៅ​ក្នុង​សន្និសីទកាសែត​ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៧​ ។
បើ​តាម​លោក ងី ច័ន្ទ​ផល រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា តាម​ការ​ប៉ាន់ស្មាន​បឋម មាន​ប្រជាជន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ រង​គ្រោះ​ក្នុង​អំពើ​ឆបោក​នេះ ដូច្នេះ​ប្រសិនបើ​ជន​រង​គ្រោះ​ទាំងអស់​បាន​ដាក់​ពាក្យបណ្តឹង ទឹកប្រាក់​នៃ​ការ​ខាតបង់​ទៅ​លើ​អំពើ​ឆបោក​នេះ អាច​មាន​ចំនួន​សរុប​ឡើង​ដល់ ប្រមាណ​ជា​៤០០​លាន​ដុល្លារ ឯណោះ ។
លោក ងី ចន្ទ្រ​ផល បាន​បញ្ជាក់​ថា «​ថវិកា​ដែល​យក​មក​បូក​សរុប ទៅ​ខ្ទង់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​ម្នាក់​ៗ​ស្មើនឹង​ជិត​៨​ពាន់​ដុល្លារ​នេះ គិត​ជា​មធ្យម​។​ ក្រុម​នេះ​មាន​បំណង​ធ្វើ​ឲ្យ​មាន​ហានិភ័យ ក្នុង​សង្គម និង​បង្ក​ឲ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ព្រោះ​មាន​អ្នកខ្លះ​ដាក់​លុយ​ទៅ​១​ពាន់​ដុល្លារ​ឃើញ តួលេខ​កើនឡើង ក៏​ដាក់​លុយ​បន្ថែម​ទៀត រហូត​មាន​អ្នកខ្លះ​លក់​ដី និង​លក់​ផ្ទះ​ជាដើម ដើម្បី​បាន​លុយ​ច្រើន​ពី ក្រុមហ៊ុន​ទាំងនោះ​មក​វិញ​» ​។
លោក ងី ច័ន្ទ​ផល ក៏​បាន​បង្ហាញ​អត្តសញ្ញាណ​ស្ថាប័ន​ដែល​ធ្វើការ​ឆបោក ដែល​រួម​មាន​អង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC ដែល​សុទ្ធ​សឹង​ជា​ស្ថាប័ន​គ្មាន​សកម្មភាព​ច្បាស់លាស់ និង​មិន​មាន​អ​ជ្ញា​ប័ណ្ណ​ត្រឹមត្រូវ ។ លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា អ​ជ្ញា​ធរ​ពាក់ព័ន្ធ​ក៏​បាន​បង្ហាញ​អត្តសញ្ញាណ​ជនល្មើស​ក្នុង​ករណី​ឆបោក​នេះ ហើយ​កំពុង​តាម​ចាប់ខ្លួន​ជន​ទាំងនោះ ផង​ដែរ ។
ក្រសួងមហាផ្ទៃ​នឹង​ចាត់ការ​ផ្លូវច្បាប់ ចំពោះ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) ដែល​មានឈ្មោះ​ហួត សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ប្រធាន ស្នាក់​នៅផ្ទះ​លេខ​៩៩ ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ដែល​មានឈ្មោះ​ជិ​ហ្គោ សាលី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ប្រធាន ស្នាក់​នៅផ្ទះ​លេខ​១១៤​ហាស​ផ្លូវ​លេខ​៥៥ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Empire Big Capital Limited (EBC) ដែល​មានឈ្មោះ​Tan Tze Chin ហៅ​Sean Tan ជនជាតិ​ម៉ា​ឡេ​ស៊ី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​A28455291 ជា​ប្រធាន​ក្រុមហ៊ុន និង​ឈ្មោះ​ឡុ​ង សម្បត្តិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​វិហារ ឃុំ​ជើង​គួ​ន ស្រុក​សំរោង ខេត្តតាកែវ មានផ្ទះ​លេខ​១៦៤ ផ្លូវ​១៩ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
ចំណែកឯ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​មាន​តួនាទី​គ្រប់គ្រង និង​ត្រួតពិនិត្យ​លើ​រាល់​សកម្មភាព​ពាក់ព័ន្ធ និង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា មិន​ទាន់​ផ្តល់​ការ​អនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ណាមួយ ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ​ទេ​កន្លង​មក មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​លួច​ធ្វើ​អាជីវកម្ម​ដោយ​យកឈ្មោះ​របៀប​វិនិយោគ​រួម​គ្នា ដើម្បី​ប្រមូល​លុយ​ពី​សាធារណជន​ដោយ​អះអាង​ថា ជា​ក្រុមហ៊ុន​សាខា​ពី​អន្តរជាតិ​តែ​ភាគច្រើន​មិន​បាន​យក​ទៅ​វិនិយោគ​ពិតប្រាកដ​នោះ​ឡើយ (​បោកប្រាស់​)​។
សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា បាន​ដាក់​ញ្ញតិ​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ រដ្ឋសភា និង​ក្រសួងយុត្តិធម៌ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​លើ​រឿង​ដែល​ពួក​គាត់​ចោទ​ថា ក្រុមហ៊ុន Empire Big Capital Limited (EBC) ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង បាន​ឃុបឃិត​ជាមួយ​អង្គការ​ពីរ​ទៀត​មាន អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​សមាគម​អ្នក​ប្រឹក្សា​យោបល​វិនិយោគ (ICA) បាន​ឆបោក​ប្រាក់​ដើមទុន សរុប​៤៦​លាន​ដុល្លារ​របស់​ពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ ។
បើ​តាម​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ដាក់​ញ្ញត្តិ​លើ​ករណី​ខាងលើ​នេះ​បាន​ឲ្យ​ដឹង ពួក​គាត់​បាន​ចាញ់បោក​ក្រុមហ៊ុន EBC ដែល​បាន​ប្រមូលប្រាក់​ដើមទុន​របស់​ពួក​គាត់​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ដោយ​សន្យា​ថា នឹង​ផ្ដល់​ផល​ចំណេញ​ជា​ភាគលាភ​១០​ភាគរយ​ក្នុង​មួយ​ខែ ហើយ​រយៈពេល​១៨​ខែ ក្រុមហ៊ុន​នឹង​ឲ្យ​ប្រាក់​ដើម​ត្រឡប់​ទៅ​ពលរដ្ឋ​ជា​អ្នក​វិនិយោគ​វិញ ។ ហើយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ មានការ​សហការ​ជា​អង្គការ​ទាំង​ពី​ខាងលើ ដែល​ផ្សព្វផ្សាយ កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ដាក់​ទុន​លើ​ការ​វិនិយោគ​នេះ ។
ការ​ដែល​ប្រជាពលរដ្ឋ​ហ៊ាន​ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន EBC ដោយសារ​តែ​ពលរដ្ឋ​ជឿ​លើ​អង្គការ AIF និង​សមាគម ICA ។ «​ពលរដ្ឋ​អត់​មាន​អ្នក​ណា​ស្គាល់​ក្រុមហ៊ុន EBC នៅ​ហុងកុង​នោះ​ទេ គឺ AIF និង ICA ជា​អ្នក​ឈរ​កណ្ដាល ។ អង្គការ​នេះ​ពីរ​នេះ ប្រមូលប្រាក់​ពី​ពលរដ្ឋ ហើយ​រុញ​ចូល​គម្រោង​របស់​ក្រុមហ៊ុន EBC ។ ក្រុមហ៊ុន​នេះ​បាន​ឆបោក​ប្រាក់​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ឯណោះ ។
ការ​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ភាគលាភ​ក្នុង​គ្រា​ដំបូង​ៗ​ជូន​ដល់​អ្នក​វិនិយោគ បាន​ទាក់ទាញ​ឲ្យ​អ្នក​ផ្សេង​ៗ ទៀត​ច្រើន​ឡើង​ៗ ចូលរួម​ក្នុង​គម្រោង​វិនិយោគ​នេះ ហើយ​ក្រុមហ៊ុន​ឈប់​ផ្ដល់​ភាគលាភ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៥ ដល់​អ្នក​វិនិយោគ ។ តាម​រយៈ​អង្គការ​ទាំង​ពីរ​ខាងលើ​បាន​សន្យា​ម្ដង​ហើយ​ម្ដងទៀត​ថា នឹង​បង្វិលប្រាក់​ត្រឡប់​ជូន​អ្នក​វិនិយោគ​វិញ ។ ទន្ទឹម​នឹង​រង់ចាំ​ការ​សន្យា​នេះ អ្នកមួយ​ចំនួន​បាន​ចង​ជា​ក្រុម​ហើយ​ធ្លាប់​ប្ដឹង​ទៅ​ស្ថាប័ន​របស់​រដ្ឋាភិបាល រហូត​មក​ដល់​ពេល​នេះ ៕