ប៉ោយប៉ែត៖ ក្រោយពីលោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចូលកាន់តំណែងជាអភិបាលក្រុង រូបលោកបានខិតខំបំពេញភារកិច្ចយ៉ាងអស់ពីចិត្តពីថ្លើមប្រកបដោយទំនួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកដោយមិនខ្លាចនឿយហត់ឡើយ។

 តាមរយៈការខិតខំប្រឹងប្រែងស្ដារមុខមាត់ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ក្នុងក្រុងប៉ោយប៉ែតនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្តក្រៃលែង ហើយលើកសរសើរលោកថាជាមន្រ្តីដែលយកបេះដូងមកបម្រើរាស្រ្ដពិតៗ ព្រោះទីណាដែលប្រជាពលរដ្ឋមានកង្វល់ ឬជួបបញ្ហា លោកអភិបាលក្រុងតែងតែចុះទៅជួបសិក្សាពីបញ្ហាដោយផ្ទាល់ និងដោះស្រាយជូនប្រជាពលរដ្ឋជានិច្ច។ 

ជាក់ស្ដែងថ្មីៗនេះ លោកអភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ បានចំណាយពេលចុះទៅដោយផ្ទាល់ដើម្បីដោះស្រាយអំពីបញ្ហាសំរាមដែលត្រូវបានប្រជាពលរដ្ឋយកទៅបោះចោលតាមទីសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព បរិស្ថានអនាម័យ។ ក្រោយពីការចុះសាកសួរដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ចម្លើយដែលលោកទទួលបានគឺដោយសារក្រមហ៊ុនប្រមូលសម្រាមមានភាពយ៉ឺតយ៉ាវក្នុងការមកយកសម្រាមដែលពន្យាដល់២សប្ដាហ៍ទៅ១ខែទើបមកយកម្ដង ជាហេតុធ្វើឲ្យសម្រាមស្អុយរលួយចេញដង្កូវជះក្លិនមិនល្អ ទើបប្រជាពលរដ្ឋសម្រេចចិត្តយកទៅចោលទីសាធារណៈដែលធ្លាប់ ចោលបាន ឬយកទៅចោលនៅស្នាក់ការមេភូមិក៏មានដែរ។ ក្រៅតែពីស្រង់សម្ដីប្រជាពលរដ្ឋ លោកអភិបាលក្រុងក៏បានអញ្ជើញមេភូមិក្បាលស្ពានមួយ ក្បាលស្ពាន២ ប៉ាឡៃ១ ប៉ាឡៃ២ មករាយការណ៍អំពីរឿងសម្រាមក្នុងមូលដ្ឋានផងដែរ ដើម្បីផ្ទៀងផ្ទាត់ជាមួយចម្លើយប្រជាពលរដ្ឋ។

ក្រោយពីស្ដាប់របាយការណ៍រួច លោកអភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍សង្កត់ធ្ងន់ៗថា បញ្ហាសម្រាមដែលកើតមាននេះ គឺដោយសារកំហុសខាងក្រុមហ៊ុនមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ យកតែលុយពីប្រជាពលរដ្ឋចំណែកសម្រាមនៅតែសម្រាមដដែល។ ដើម្បីដោះស្រាយបញ្ហាសម្រាមនេះ លោកសាន ស៊ានហូ បានប្រកាសតាមរយៈវីដេអូរបស់លោកថា លោកនឹងប្ដូរក្រុមហ៊ុនប្រមូលសម្រាមនេះចោល ហើយលោកស្វាគមន៍ក្រុមហ៊ុនប្រមូលសម្រាមណាដែលអាចចូលរួមបំពេញភារកិច្ចពេញលេញក្នុងការសំអាតក្រុងប៉ោយប៉ែតឲ្យបានស្រស់ស្អាត ស្រប់តាមការអភិវឌ្ឍន៍បច្ចុប្បន្ន។

 លោកបានបន្ថែមទៀតថា បើទោះមានអ្នកអន្តរាគមន៍រឿងសម្រាមនេះក៏ដោយ ក៏លោកមិនខ្លាចនឹងបាត់បង់តំណែងអភិបាលក្រុងឡើយ ហើយលោកសុខចិត្តជាប់គុកបើមានការប្ដឹងផ្ដល់ទៅតុលាកា ព្រោះលោកមិនអាចទ្រាំនឹងរឿងសម្រាមដែលកើតឡើង១០ឆ្នាំមកហើយនេះទេ។ លោកសាន ស៊ានហូ បានធ្វើការសន្យាចំពោះលោកចៅហ្វាយខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋថា ក្នុងរយៈពេលបីខែបើលោកមិនអាចដោះស្រាយបញ្ហាសម្រាមក្នុងក្រុងប៉ោយប៉ែតទេ លោកសុខចិត្តចុះចេញពីតំណែងអភិបាលក្រុង៕

ប្រភពវីដេអូ៖ លោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត

------------------
@copyright: kampuchea studio