សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជា​​​កូន​អកត្តញ្ញូ​ម្នាក់ ត្រូវ​នគរបាល​ចាប់​ខ្លួន​វាយ​ខ្នោះ​បន្ទាប់ពី​​​ផឹកស្រា​​ស្រវឹង​ លុះ​ឃើញ​ម្តាយ​កំពុង​ដេក​លើ​គ្រែ​ ក៏ចាប់គាត់​ទាញ​ម្តាយ​ទម្លាក់ ​រួច​វាយ​សំពង​អូស​ទៅ​ទម្លាក់​ទឹក​ប៉ុនប៉ង​សម្លាប់គាត់ថែមទៀត ដែល​ហេតុ​ការ​ណ៍ដ៏ព្រៃផ្សៃ​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​២១ ធ្នូ ​ស្ថិត​នៅ​ចំណុច​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។
សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​ឈ្មោះ​ពិន ដា​វី​ន​(​ ហៅសិ​ន​) ​អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិកំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ រីឯ​ម្តាយរងគ្រោះ​ឈ្មោះ​អិន សា​មោ​ល ​​អាយុ​៦៧​ឆ្នាំ​ ​(​​ពិការ​ភ្នែក​) រស់នៅ​ភូមិកំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។
សាក្សី​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​​ ស្ត្រីរងគ្រោះជាម្តាយ​​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ ​ស្រាប់តែ​ជន​សង្ស័យជាកូននេះ ​ត្រឡប់ពី​​​ផឹកស្រា​វិញមិន​ដឹង​មាន​កំហឹងរឿងអ្វី ក៏​ស្ទុះ​ទៅ​ទាញ​ម្តាយ​ទំលាក់​ពីលើ​គ្រែ​ហើយ​ដាល់​​​​ចំ​ឆ្អឹងជំនី​រ​ចំនួន២​ដៃ​ ។ បន្ទាប់​មក ​ជនសង្ស័យ​បាន​ចាប់​អូស​ម្តាយយក​​ទៅ​ទំលាក់​ក្នុង​ទឹក​ប្រឡាយ​ខាងក្រោយ​ផ្ទះ រួច​ចាប់​​អូស​មក​លើគោក​វិញ និង​​វាយ​ទៅ​ម្តាយបន្ថែម​ទៀត​ ។ ក្រោយមក ​ជនសង្ស័យ​ទុក​​ម្តាយ​ចោល​ រួច​ក៏​ដើរ​ចេញពីផ្ទះ​ទៅ​បាត់​ ។ ​
លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ នេះ ​ទើប​ម្តាយ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​រមៀត​ ​ដើម្បី​ចាត់ការតាមច្បាប់ ។ គួរ​បញ្ជាក់​ថា ជនសង្ស័យរូបនេះ ធ្លាប់​ជាប់​ពន្ធនាគារ​​៤​លើក​មក​ហើយពី​បទ​ហិង្សា​​៕