គួរ​រម្លឹក​ថា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ ២០១៨​ វេលាម៉ោង២០.៣០​នាទី ​មានករណី​ឃាតកម្ម នៅ​ផ្ទះ​ឈ្មោះ ហេង សុវណ្ណារ៉ា (ហៅឡឹង)​នៅ ភូមិ​បល្ល័ង្កលិច ​សង្កាត់​ដំរីជាន់ខ្លា ​ក្រុង​ស្ទឹងសែន ​ខេត្តកំពង់ធំ បាន​ប្រើប្រាស់​កាំភ្លើង​ខ្លីម៉ាក​រឡូ បាញ់​សម្លាប់ប្រពន្ធ​របស់ខ្លួន​ឈ្មោះ អ៊ឹង សៀវហេង អាយុ ៤០​ឆ្នាំ បន្ទាប់​មកបាន​បាញ់​សម្លាប់​ខ្លួនឯង។

បន្ទាប់​ពី​ដេក​ស្លាប់​ទាំង​ពីរ​នាក់​ក្នុង​ថ្លុក​ឈាម ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​វាស់វែង ​និង​សាកសួរ​បងប្អូន​សាច់​ញាតិ ​រួច​សន្និដ្ឋាន​ថា ​កើត​ឡើង​ដោយ​សារ​ភ្លើង​ប្រចណ្ឌ​។ ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​បញ្ជាក់ថា ​មុនថ្ងៃ​កើត​ហេតុ ប្តីប្រពន្ធ​ទាំង​២នាក់ ធ្លាប់​ឈ្លោះ​គ្នា​ជាច្រើន​លើក​ច្រើនសារ​រួចម​កហើយ។
ជនរង​គ្រោះ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ឋ​ពិតជា​មាន​ជំលោះ​រឿង​ស្នេហា​ដោយ​ខាងប្រុស​ប្រចណ្ឌ​ភរិយា ទើប​ឈាន​ដល់​ការ​បាញ់​សម្លាប់គ្នា​ដោយ​អាវុធខ្លី ម៉ាក​វុលរ៉ូវែ ចំនួន​៥គ្រាប់ ដែល​កាំភ្លើង​នោះ​សន្និដ្ឋាន​ថា អាច​លាក់​ទុកកាល​ពីសម័យ​ធ្វើជា​ទាហាន​នៅ​ខេត្តព្រះវិហារ​។ ជនដៃ​ដល់​ជាប្តី​បានបាញ់​សម្លាប់ប្រពន្ធ​ចំ​ឆ្អឹង​ខ្នង បន្ទាប់​ពីប្រពន្ធ​​ស្លាប់ ក៏​បាន​បាញ់​សៀតផ្កា​ខ្លួនឯង បណ្តាល​ឲ្យស្លាប់​ទាំង​ពីរនាក់។ អ្នក​ទាំង​ពីរ​មាន​មុខរបរ​លក់​បាយ និង​លាងឡាន។
តាម​ការបញ្ជាក់​ពីសាច់ញាតិ​របស់​សពដែល​រស់នៅ​ជាមួយ ត្រូវ​ជាបង​ស្រី​បង្កើតបាន​ឲ្យដឹង​ថា ប្តីប្រពន្ឋ​នេះ​ធ្លាប់ឈ្លោះ​គ្នាជាច្រើន​លើក​ច្រើនសារ ដោយ​មួយ​រយៈកន្លងមក​នេះ ​បុរស​ជា​ប្ដី​ធ្លាប់​បាន​ច្របាច់ក ប្រពន្ធ​ស្ទើរស្លាប់​ម្តងរួច​មកហើយ តែ​កាលនោះ​មានបង​ប្អូនចូល​ទៅជួយ​ទាន់ ទើប​ពេលនេះ​មានរឿង​ផ្ទុះអាវុធ​តែម្តង​បណ្តាល​ឲ្យស្លាប់​ទាំង​ពីរនាក់។
តែអ្វីដែលធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលនិងងឿងឆ្ងល់ទៀតនោះគឺ កាល​ពី​ថ្ងៃ​ទី ១៩ ធ្នូ​ម្សិលមិញ ​ស្រាប់​តែ​កូន​ប្រុស​របស់​សព​​ឈ្មោះ ហេង ដេវិដ បាន​ទទួល​លិខិត​កោះ​ហៅ​ពី​នាយ​ការិយាល័យ​បទ​ល្មើស​ព្រហ្មទណ្ឌ​ជា​មន្ត្រី​នគរ​បាល​យុត្តិធម៌​អង្គភាព ​មន្ទីរ​យុត្តិធម៌​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ធំ ​ដើម្បី​ចូល​ខ្លួន​ដោះ​ស្រាយ​ដំណើរ​រឿង​តុងទីន​ដែល​មាន​ពាក់​ព័ន្ធ​ជា​ម្ដាយ​ឈ្មោះ អ៊ឹង សៀវហេង ​នៅ​វេលា​ម៉ោង ៨.៣០​នាទី​ព្រឹក​ថ្ងៃ​ទី ២០ ធ្នូ ឆ្នាំ ២០១៨ ​នេះ។ រង់ចាំ​តាម​ដាន​​លទ្ធផល​បន្ត​ទៀត..

----------------------
credit: Khmer-Global